លោក Freddie Roach បានប្រាប់ទៅគេហទំព័រ USA Today កាលពីពេលថ្មីៗនេះថាការប្រកួតរវាងកីឡាករ Pacquiao និង Floyd គឺជាប្រកួតធំជាងគេក្នុងប្រវត្តិសាស្ត្រ ហើយតាមគំនិតរបស់លោកនរណាក៏គិតថាកំពូលអ្នកប្រដាល់ហ្វីលីពីនម្នាក់នេះជាអ្នកឈ្នះដែរនៅថ្ងៃទី២ ខែឧសភាខាងមុខនេះ។ ការគិតដូច្នេះគឺសំអាងលើហេតុផលថា Manny ជាមនុស្សល្អ និងជាគំរូដល់អ្នកជំនាន់ក្រោយ ចំណែកឯអ្នកប្រដាល់សញ្ជាតិអាមេរិកវិញមានចំណុចទាំងនេះដែរ ប៉ុន្តែមិនអាចប្រៀបគ្នាបានទេ។
បន្ថែមពីលើចំណុចខាងលើនេះដែរ បុរសដែលមានបទពិសោធន៍ក្នុងអាជីពជាកីឡាករប្រដាល់រាប់ឆ្នាំមកហើយនោះបាននិយាយពីអនាគតកីឡាករមានកូន៥នាក់រូបនេះដែរថា៖ “ទោះជាចាញ់ឬឈ្នះនៅក្នុងប្រកួតខាងមុខនេះក៏ដោយ ក៏ Pacman មិនឈប់ប្រដាល់នោះដែរ ព្រោះគាត់ជាកីឡាករល្អម្នាក់។ ខ្ញុំគិតថាគាត់អាចបានក្លាយជាប្រធានាធិបតីក្នុងប្រទេសរបស់គាត់នៅថ្ងៃណាមួយ ហើយអាយុរបស់គាត់នឹងគ្រប់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ”។
សូមបញ្ជាក់បន្តិចថា បុរសមានបងប្អូន៦នាក់ខាងលើនេះមិនត្រឹមតែស្រលាញ់កីឡាប្រដាល់នោះទេ លោកក៏ជាអ្នកចូលចិត្តធ្វើនយោបាយផងដែរ។ ច្បាប់នៅប្រទេសហ្វីលីពីនបានចែងថាបុគ្គលម្នាក់អាចឈរឈ្មោះជាប្រធានាធិបតីបាន លុះត្រាតែមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ស្របពេលដែលពេលនេះលោកមានអាយុ៣៦ឆ្នាំហើយ នៅសល់តែ៤ឆ្នាំទៀតទេអាចឈរឈ្មោះបាន។ មួយវិញទៀត ប្រជាប្រិយភាពរបស់បុរសដែលធ្លាប់ធ្វើជាទាហានរូបនេះនៅហ្វីលីពីនក៏មិនណយនោះដែរ ពោលគឺប្រជាជនក្នុងប្រទេសនេះទាំងអស់សុទ្ធតែស្គាល់ និងកោតសរសើររូបគេជាខ្លាំង។
យ៉ាងណាមិញ នេះគ្រាន់តែជាពាក្យសម្ដីរបស់មនុស្សដែលជិតស្និទ្ធ និង Manny Pacquiao តែប៉ុណ្ណោះ មិនមែនចេញពីមាត់របស់គេផ្ទាល់នោះទេ។ ចុះបើរូបគេពិតជាចង់ធ្វើអីចឹងមែននោះ តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ newssabay
0 comments:
Post a Comment