ក្នុងកិច្ចថ្លែងសន្ទរកថាក្នុងព្រឹត្តិការណ៍ CeBIT នៅក្នុងទីក្រុង Hannover ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅ ស្ថាបនិកក្រុមហ៊ុន Alibaba Group លោក Jack Ma បានធ្វើការបង្ហាញនូវបច្ចេកវិទ្យាស្គេនមុខថ្មីមួយ ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការចំណាយលើការទិញទំនិញនានាដោយគ្រាន់តែថតរូប Selfies នៅលើទូរសព្ទ Smartphone ជំនួសលេខសម្ងាត់។
បច្ចេកវិទ្យាដែលបានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅមានឈ្មោះថា “Smile to Pay” ហើយបច្ចេកវិទ្យាថ្មីនេះកំពុងតែស្ថិតនៅក្រោមការផលិតនិងធ្វើការប្រើប្រាស់សាកល្បងដោយផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុន Alibaba នៅឡើយទេ។ បច្ចេកវិទ្យាថ្មីនេះទៀតសោតគឺអាចប្រើបានជាមួយនឹងសេវា Alipay ក៏ដូចជា Alipay Wallet របស់ក្រុមហ៊ុន Alibaba ផងដែរ។
អ្នកនាំពាក្យផ្នែក Ant Financial របស់ Alibaba លោកស្រី Miranda Shek បាននិយាយថា ថ្វីត្បិតតែបច្ចេកវិទ្យាមួយនេះត្រូវបានហៅថា “Smile to Pay” ឬ “ញញឹម ដើម្បី ចំណាយ” ក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថាតម្រូវឲ្យអ្នកប្រើប្រាស់ចាំបាច់ត្រូវបានតែញញឹមនោះទេ។ លោកស្រីបានបន្ថែមទាំងបែបកំប្លែងទៀតថា៖ “គំនិតក្នុងការបង្កើតបច្ចេកវិទ្យានេះឡើងគឺថា មនុស្សភាគច្រើនជាញឹកញាប់តែងភ្លេចនូវពាក្យសម្ងាត់របស់ពួកគេ ប៉ុន្តែពួកគេមិនអាចនឹងភ្លេចមុខរបស់ខ្លួនឯងបានឡើយ”។
តែចំពោះកាលបរិច្ឆេទដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា Smile to Pay នេះវិញ លោកស្រីបានបញ្ជាក់ឲ្យដឹងថា គឺមិនទាន់បានកំណត់ច្បាស់នៅឡើយនោះទេ៕
ប្រែសម្រួល៖ សំនៀង
ប្រភព៖ Sabay
ប្រភព៖ Sabay
0 comments:
Post a Comment