Friday, February 20, 2015

ដុត​កាំជ្រួច​អបអរ​ចូល​ឆ្នាំ​ចិន ខុស​​បច្ចេក​ទេស​​​សម្លាប់​​មនុស្ស​​៥​​នាក់​

0

មនុស្ស​យ៉ាង​តិច​៥​នាក់​បាន​ស្លាប់​ ​ក្នុង​ហេតុ​ការ​ណ៍​អុច​កាំជ្រួច​អបអរ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​តែ​ខុស​បច្ចេកទេស​បែរ​ជា​​ផ្ទុះ​ឆេះនៅ​ក្នុង​ហាង​លក់​កាំជ្រួច​មួយ​កន្លែង ​ក្នុង​ខេត្ត ​Zhejiang ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​ ម្សិល​​មិញ​។


ហេតុ​ការ​ណ៍​ខាង​លើ​នេះ​កើត​ឡើង​នៅ​ក្នុង​ហាង​លក់​ផាវ​និង​កាំជ្រួច​មួយ​កន្លែង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​​មាន​ម្ចាស់​ឈ្មោះ Chen ​ហើយ​មូលហេតុ​បណ្ដាល​ឱ្យ​មាន​ការ​ផ្ទុះ​​កើត​ឡើង​នោះ​គឺ​មក​ពី​ម្ចាស់​ហាង​នេះ​បាន​យក​គ្រាប់​កាំជ្រួច​ និង​ផាវ​មក​អុច​អបអរ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​​នៅ​ខាង​មុខ​ហាង។ ​តែ​មិន​សំណាង​កាំជ្រួច​នោះ​ក៏​ហោះ​ចូល​ទៅ​ក្នុង​ហាង​របស់​លោក​ ហើយ​ក៏​ផ្ទុះ​ត​ៗ​គ្នា​តែ​ម្ដង ​ព្រោះ​ក្នុង​ហាង​គឺ​សុទ្ធ​តែ​វត្ថុ​មាន​រំសេវ។


បើ​យោង​តាម​​ភ្នាក់ងារ​ព័ត៌មាន​ចិន​ Xinhua ​បាន​ឱ្យ​ដឹង​ថា​ មនុស្ស​៥​នាក់​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​មាន​ក្មេង​៣​នាក់​ និង​មនុស្ស​ពេញ​វ័យ​២​នាក់ ហើយ​​ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​បាន​រង​​របួសផង​ដែរ ​ហើយ​ពេល​នេះ​​​កំពុង​​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​បាត់​បង់​ជីវិត​នោះ​ទេ។
 សូម​រំលឹក​ដែរ​ថា មនុស្ស​ជា​ច្រើន​តែង​តែ​បាត់បង់​ជីវិត​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​​ ដោយសារ​បញ្ហា​ផ្ទុះ​កាំជ្រួច​នេះ  ខណៈ​ដែល​ឆ្នាំ​នេះ​ដែរ ​មាន​ទី​ក្រុង​ចំនួន​១៣៨​នៅ​ក្នុង​​ប្រទេស​ចិន​បាន​ដាក់​បម្រាម​មិន​ឱ្យ​មាន​ការ​ដុត​កាំជ្រួច​នេះ​ទេ ដោយ​សំអាង​​លើ​ហេតុ​ផល​រក្សា​សុវត្ថិភាព​ក្នុង​គ្រួសារ ៕

0 comments:

Post a Comment