រាជធានីភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញ មានសេចក្ដីរាយការណ៍មកថា កីឡាករវ៉ន វីវ៉ា និងមិត្តរួមក្រុមចំនួន២ នាក់ទៀតបានចាកចេញពីប្រទេសកម្ពុជាទៅ ដល់ប្រទេសថៃហើយ ដើម្បីត្រៀមខ្លួនឡើងប្រកួត ក្នុងព្រឹត្តិការណ៍ប្រដាល់ដាក់ទ្រុង ជាលក្ខណៈអន្តរជាតិ នៅយប់ថ្ងៃអាទិត្យ។ ជំនួបរវាងវ៉ន វីវ៉ា និងស្ដេចប្រដាល់ថៃដ៏មានការ ចាប់អារម្មណ៍នេះស្ថិតក្នុង ការឃ្លាំមើលយ៉ាងខ្លាំង ព្រោះតែមានការចង់ដឹងថា តើអាចទៅរួច ឬជួបលទ្ធផលដូចគ្នានឹង សេន ប៊ុនថេន ដែលកីឡាកររូបនេះធ្លាប់ចំអក ។
ក្នុងចំណោមកីឡាករល្បី ឈ្មោះរបស់ប្រទេសកម្ពុជា មានតែកីឡាករវ៉ន វីវ៉ា ម្នាក់ប៉ុណ្ណោះដែលបាន ទទួលតម្លៃខ្លួនខ្ពស់ជាងគេ និងពិបាកស្វែងរកដៃគូឡើង ប្រកួតរហូតមកទល់ពេលនេះ។
អញ្ចឹងហើយទើបលោក សម្រេចចិត្តប្ដូរជំហរឡើងប្រកួត ក្នុងប្រភេទដាក់ទ្រុងវិញបន្ទាប់ ពីមើលឃើញថា ទីផ្សាររបស់កីឡាមួយនេះ កាន់តែមានការរីកចម្រើន ។ ទោះបីយ៉ាងណា ការប្រដាល់ដាក់ទ្រុងជាអន្តរជាតិនឹងផ្ដល់ឱកាសឲ្យឡើងប្រកួតតែចំនួន៣លើកប៉ុណ្ណោះ ប្រសិនបើរកមិនឃើញជ័យជម្នះ ទាល់តែសោះសម្រាប់ការប្រកួត ។ នៅមិនទាន់មានកីឡាករកម្ពុជារូបណា ដែលមានវាសនាបាន ផ្ដួលគូប្រកួតជាជនបរទេសនៅលើ សង្វៀនប្រដាល់ដាក់ទ្រុងនៅឡើយទេ ចាប់តាំងពីកម្ពុជាមានមុខឡើងបង្ហាញក្បាច់គុន របស់ខ្លួនលើឆាកអន្តរជាតិ ជាទូទៅ ។
ប៉ុន្តែបើធៀបនឹងវត្តមានឡើង ប្រកួតរបស់កីឡាករកម្ពុជាកន្លងមក វ៉ន វីវ៉ា ស្ថិតក្នុងការឃ្លាំមើលជាពិសេសជាងគេ ដោយសារតែលោកត្រូវគេចាត់ទុកថា ជាស្ដេចប្រដាល់របស់កម្ពុជា ហើយដៃគូដែលត្រូវប៉ះ គឺជាស្ដេចប្រដាល់របស់ ប្រទេសថៃដ៏ខ្លាំងក្លាតែម្ដង ។ លោកត្រូវប្រកួតជាមួយកីឡាករ Jomhod Kiatadisak ដែលមានខ្សែក្រវាត់រាប់មិនអស់ ពីការប្រកួតឈ្នះនាពេលកន្លងមក ។ វ៉ន វីវ៉ា ក៏ត្រូវគេដឹងដូចគ្នាបានគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់ គួរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសកំណើត ប៉ុន្តែស្នាដៃរបស់កីឡាកររូបនេះ នៅមានកម្រិតនៅឡើយទេ បើ ធៀប នឹងដៃគូដែលត្រូវប្រកួតគ្នានៅយប់ថ្ងៃអាទិត្យ ទី២២ កុម្ភៈ នេះ ។ អ្នកទាំងពីរនឹងបើកឆាកប៉ះគ្នានៅ ក្នុងប្រទេសថៃក្នុងព្រឹត្តិការណ៍ Full Metal Dojo ដែលជាការប្រដាល់ដាក់ទ្រុង កម្រិតអន្តរជាតិមួយថ្មីដែលហៅកាត់ថា MMA ដូចគ្នានឹងព្រឹត្តិការណ៍ OneFC ដែរ ។
ព្រឹត្តិការណ៍នេះមានវត្តមាន កីឡាករកម្ពុជាដល់ទៅ៣រូបបង្ហាញខ្លួន គឺកីឡាករវ៉ន វីវ៉ា, អន ឈុនហេង និងកីឡាករថៃ រិទ្ធី ប៉ុន្តែការប្រកួតដែលស្ថិតក្នុងការឃ្លាំមើល គឺមានតែ វ៉ន វីវ៉ា ម្នាក់គត់ ដែលមានសន្ទុះនាំមុខគេ ។ ជាក់ស្ដែងបន្ទាប់ពីមានការ បង្ហាញជាសាធារណៈថា កីឡាករថៃមានខ្សែក្រវាត់ច្រើននោះ គឺពិតជាគួរឲ្យញាក់សាច់មែនហើយ ។ យោងតាមការបង្ហោះនៅលើ បណ្ដាញអុីនធើរណេត កីឡាករ Jomhod Kiatadisak បានឆ្លងកាត់បង្វឹក ផ្នែកប្រដាល់តាំងពីអាយុ៧ឆ្នាំម្ល៉េះ ដោយក្នុងអាយុ១១ឆ្នាំ ក៏ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ តែម្ដងនៅក្នុងពិភពប្រដាល់ថៃ។ លោកបានក្លាយជាម្ចាស់ខ្សែក្រវាត់ ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងថ្នាក់អន្តរជាតិមិនតិច ជាង១០ខ្សែក្រវាត់ និងពីស្ថាប័ន១០ប្រភេទខុសៗគ្នានោះទេ រហូតធ្វើឲ្យប្រជាពលរដ្ឋថៃ ផ្ដល់រហស្សនាមថា King of the Ring ឬស្ដេចប្រដាល់នៅលើសង្វៀនដោយសារតែលោក ឡើងប្រកួតក្នុងរយៈពេលចុងក្រោយ គឺមិនដែលចាញ់។
ការផ្គូផ្គងឲ្យឡើងប្រកួតរវាង កីឡាករទាំងពីរប្រភពខ្លះថាថៃ មានបំណងបំបាក់មុខកីឡាករវ៉ន វីវ៉ា ដែលល្បីឈ្មោះនាំមុខគេ ប្រៀបដូចជាស្ដេចប្រដាល់មួយរូបរបស់កម្ពុជាដូចគ្នា ដោយអ្នកទាំងនោះលើកឡើងថា លុះត្រាដាក់កីឡាករ Jomhod Kiatadisak ដែលជាជើងខ្លាំងកំពូលរបស់ខ្លួន ទើបប្រាកដពីលទ្ធផលឈ្នះ១០០%។ មនុស្សភាគច្រើនបានយល់ ស្របចំពោះការយល់ឃើញ ប៉ុន្តែក៏មានមនុស្សមួយចំនួនបង្ហាញពីការពេញចិត្តផងដែរ ដោយម្នាក់ៗនិយាយថា បើវ៉ន វីវ៉ា ចាញ់នឹងក្លាយជារឿងធម្មតា ប៉ុន្តែបើឈ្នះនឹងក្លាយជាមោទនភាពដ៏ធំ ។ ក្រុមអ្នកស្នេហាកីឡាប្រដាល់ ដែលកោះសន្ដិភាពជជីកសួរ នាំបានថ្លែងប្រាប់ថា ៖ «សម្រាប់ខ្ញុំ បើគេដាក់ជាមួយអ្នកខ្លាំងអញ្ចឹង ល្អតើព្រោះ យើង (វ៉ន វីវ៉ា) នឹងមិនសូវខាតបើចាញ់ ប៉ុន្តែបើឈ្នះឡូយហ្មង!» ។ យ៉ាងណាក៏ដោយ គឺមានមនុស្សច្រើនណាស់មិនជឿទុកចិត្តថា វ៉ន វីវ៉ា ទៅរួចជាមួយ Jomhod Kiatadisak ទេ ។ ប៉ុន្តែការឃ្លាំមើលចំពោះការប្រកួតនេះ ក៏ស្ថិតក្នុងភាពចាំចំអកចំពោះភាព អំនួតរបស់កីឡាកររូបនេះផងដែរ បន្ទាប់ពីកាលមុនលោក បានបង្កជម្លោះជាមួយ សេន ប៊ុនថេន ឡើងមើលមុខគ្នាលែងចំរហូតដល់ភរិយាផង ដោយសារតែចង់សំដៅថា សេន ប៊ុនថេន អួតបានតែនៅក្នុងស្រុក លុះទៅដល់ក្រៅស្រុកក៏ខ្ចប់រកលេខដាក់គ្មាន ។
វ៉ន វីវ៉ា នឹងក្លាយជាចំណុចរសើប ពីក្រុមអ្នកធ្លាប់មិនសប្បាយចិត្តពីទង្វើរបស់លោក បើទោះជាមានហេតុផលថា ដៃគូដែលប៉ះប្រកួត គឺជាស្ដេចប្រដាល់ របស់ប្រទេសថៃក៏ដោយ ។ ក្រុមអ្នកមិនយោគយល់ បានបន្លុយពាក្យថា ៖ «ចាំមើលតើ វ៉ន វីវ៉ា ទៅរួចឬអត់ បើ សេន ប៊ុន ថេន ចាញ់ក្រោមដៃបរទេស ដែលសុទ្ធតែជាជើងខ្លាំងកម្រិត អន្តរជាតិមកចំអកដាក់គ្នាអញ្ចឹង!» ។ មនុស្សភាគច្រើនយល់ថា កីឡាករបរទេសគឺល្បីព្រមជាមួយ នឹងគុណភាពពេញលេញ ដោយសារតែកីឡាករនៅ ក្នុងប្រទេសគេទទួលបានតម្លៃខ្លួន ខ្ពស់ដែលបង្កលក្ខណៈឲ្យមានទឹកចិត្តហ្វឹកហាត់។ ជាងពាក់កណ្តាលនៃអ្នកស្នេហា វិស័យប្រដាល់នៅលើបណ្ដាញ Faccebook សុទ្ធតែយល់ថា វ៉ន វីវ៉ា ទៅប្រកួតជាមួយដុំថ្មដ៏រឹង ដែលក្ដីសង្ឃឹមមានមិន ច្រើនសម្រាប់លទ្ធផលល្អ។
ប៉ុន្តែអ្នកខ្លះក៏យល់ឃើញថា ជំនួបជាមួយស្ដេចប្រដាល់ថៃលើកនេះ ក៏ជួយឲ្យ វ៉ន វីវ៉ា ទទួលការចាប់អារម្មណ៍ខ្លាំងផងដែរ បើទោះជាមានអ្នកឃ្លាំមើលចាំមើលលទ្ធផល ដើម្បីឌឺដងឲ្យវិញជាថ្នូរ នឹងភាពក្រអឺតក្រទម និងភាពអំនួតដែល លោកធ្លាប់ចំអកឲ្យ សេន ប៊ុនថេន រហូតធ្វើឲ្យជ្រុះប្រជាប្រិយភាពអស់មួយសន្ធឹក ។ ទន្ទឹមនឹងនោះ ក៏មានមហាជនភាគច្រើនបន់ ស្រន់ឲ្យលោកទទួលជ័យជម្នះ និងពាំនាំមកវិញនូវមោទនភាពជូនជាតិផងដែរពី ការប្រកួតដ៏កក្រើកដែលមានតម្លៃ សំបុត្រថ្លៃនៅក្នុងប្រទេសថៃនេះ ។ កីឡាករ Jomhod Kiatadisak មានសេចក្ដីរាយការណ៍មកថា ឆ្លងកាត់ការប្រកួតចំនួន៣០៣ដង ឈ្នះ២៧៦ដង ចាញ់២៤ដង និងផ្តួលគូប្រកួតឲ្យសន្លប់ រហូតដល់៨០ដងគិតមកទល់ពេលនេះ ៕



0 comments:
Post a Comment