Thursday, October 23, 2014

0




ជម្ងឺអេបូឡា
ជម្ងឺអេបូឡា ជាជម្ងឺមួយប្រភេទដែលកើតមានលើមនុស្ស និងសត្វពានរមួយចំនួន បង្កឡើងដោយវីរុសអេបូឡា។ ជម្ងឺនេះតែងកើតមាននៅទ្វីបអាហ្វ្រិកប៉ែកខាងលិច និងប៉ែកកណ្តាល ហើយត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ១៩៧៦ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

រោគសញ្ញា

អ្នកជម្ងឺចាប់ផ្តើមចេញរោគសញ្ញាបន្ទាប់ពីបានឆ្លងមេរោគអស់រយៈពេលចន្លោះពី២ថ្ងៃ ទៅ២១ថ្ងៃ។ រោគសញ្ញាដែលកើតមានមុនដំបូងស្រដៀងទៅនឹងជម្ងឺគ្រុនឈាម គ្រុនចាញ់ រឺគ្រុនប្រភេទផ្សេងទៀត ដែលមានដូចជាអស់កម្លាំងខ្លាំង ក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ។ អ្នកជម្ងឺក៏អាចក្អួត រាក និងបាត់បង់របបអាហារផងដែរ។ ក្នុងករណីខ្លះ អ្នកជម្ងឺមានស្បែកឡើងជាំ ហើយអាចហូរឈាមក្នុងទម្រង់ដូចជា ក្អួតឈាម ក្អកចេញឈាម រឺបន្ទោរបង់ចេញឈាម។ ជាធម្មតា ការហូរឈាមបញ្ជាក់ជម្ងឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។

មូលហេតុ

ជម្ងឺអេបូឡាបង្កឡើងដោយវីរុសបួនប្រភេទដែលរួមមាន Bundibugyo virus, Sudan virus, Taï virus និងមួយទៀតត្រូវបានគេហៅត្រឹមតែវីរុសអេបូឡា។

ការចម្លង

ជម្ងឺអេបូឡាត្រូវបានគេជឿថាកើតមានឡើងក្រោយពីវីរុសអេបូឡាបានឆ្លងចូលទៅមនុស្សដោយការប៉ះពាល់នឹងវត្ថុរាវរបស់សត្វដែលមានជម្ងឺនេះ។ ការចម្លងពីមនុស្សទៅមនុស្សកើតមានតាមរយៈការប៉ះពាល់ដោយផ្ទាល់នឹងឈាម រឺវត្ថុរាវផ្សេងទៀតរបស់អ្នកដែលមានជម្ងឺ រឺក៏ឧបករណ៍វេជ្ចសាស្ត្រដែលមិនបានសម្អាតបានល្អ។សាកសពអ្នកដែលបានស្លាប់ដោយជម្ងឺនេះក៏នៅតែអាចចម្លងមេរោគបានដែរ។ ទឹកកាមរបស់អ្នកជម្ងឺអាចផ្ទុកមេរោគរហូតដល់ទៅ៥០ថ្ងៃបន្ទាប់ពីបានជាដាច់ទាំងស្រុង។

ការការពារ

ជម្ងឺអេបូឡាជាជម្ងឺឆ្លង ហើយការការពាររួមមានចៀសវាងប៉ះពាល់ឈាម រឺធាតុរាវផ្សេងទៀត រួមទាំងពីសាកសព និងវត្ថុដែលបានប៉ះពាល់នឹងធាតុរាវរបស់អ្នកជម្ងឺ, ដាក់អ្នកជម្ងឺឲនៅដាច់ដោយឡែក, និងចៀសវាងប៉ះពាល់សត្វប្រចៀវ និងពានរ រួមទាំងសាច់ឆៅ និងធាតុរាវរបស់សត្វទាំងនេះ។

ការព្យាបាល

បច្ចុប្បន្ននេះ ពុំមានឱសថអ្វីមួយដែលអាចព្យាបាលជម្ងឺអេបូឡាបានទាំងស្រុងទេ។ ការព្យាបាលតែងមានលក្ខណៈគាំទ្រ រួមមានចៀសវាងការចម្លង រក្សាលំនឹងធាតុរាវ គ្រប់គ្រងការឈឹចាប់ និងផ្តល់អុកស៊ីសែនគ្រប់គ្រាន់។
នៅខែកក្កដាឆ្នាំ២០១៤ វេជ្ជបណ្ឌិតជនជាតិអាមេរិកពីរនាក់បានឆ្លងជម្ងឺនេះ ហើយបានជាពីជម្ងឺ ដោយបានទទួលឱសថបែបពិសោធន៍ឈ្មោះ ZMapp ដែលកាលពីមុនមកមិនដែលបានសាកល្បងលើមនុស្ស។ ហេតុការណ៍នេះធ្វើឲមានការតិះដៀលមួយចំនួន ហើយក្រោយមកអង្គការសុខភាពពិភពលោកបានសម្រេចចិត្តអនុញ្ញាតដាក់ឲប្រើបាន។

0 comments:

Post a Comment